ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ២នាក់ ក្រោយកាត់ផ្តាច់ខ្សែការពាររន្ទះ​របស់បុគ្គលិកក្រុមហ៊ុនអ៊ីដតខួទូរស័ព្ទស្មាត!

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹង​ករណី ធ្វើឲ្យខូចខាតដោយចេតនា (កាត់ផ្តាច់ខ្សែការពាររន្ទះសេវាទូរស័ព្ទក្រុមហ៊ុនស្មាត) កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅចំណុចលើដំបូលផ្ទះលេខ៨៨អា ផ្លូវបេតុង ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ សាត សុខជាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅក្នុងស្នាក់ការក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ ផ្លូវបេតុង សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)​ ។ និង​ឈ្មោះ សែម លៃហួ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវកាកាប សង្កាត់ ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)​ ។
​​
ជនរងគ្រោះឈ្មោះ រស់ ហេង ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ទីលំនៅផ្ទះលេខ១៨២ ផ្លូវលេខ២១៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុហ៊ុនអ៊ីដតខួទូរស័ព្ទស្មាត​។
​​
វត្ថុតាងចាប់យក ៖ ខ្សែការពាររន្ទះសេវាទូរស័ព្ទម៉ាកស្មាតដែលត្រូវកាត់ផ្តាច់ចំនួន ​៥កំណាត់ (ជារបស់ដើមបណ្តឹងឈ្មោះ រស់ ហេង) និង ម៉ូតូ០១គ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD 3201 (ជារបស់ជនសង្ស័យ​)​។

កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១១ម៉៣៥នាទី ជនសង្ស័យចំនួន០២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង ជាបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ី (ជំនាញជួសជុលសេវាទូរសព្ទ័ប្រចាំឲ្យក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីធែល) បានជិះម៉ូតូ​​យកលិខិតសុំចូលទីតាំងស្ថានីយ៍អង់តែន របស់ក្រុមហ៊ុនអ៊ីដកខូទូរស័ព្ទស្មាត (ពុំចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានក្រុមហ៊ុន) មកបង្ហាញឈ្មោះ អ៊ឹម អៀងហុង ជាម្ចាស់ផ្ទះលេខ៨៨អា ផ្លូវបេតុង ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ដែលក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីធែល និង ក្រុមហ៊ុនទូរស័ព្ទ ជួលដាក់អង់តែនសេវាទូរស័ព្ទម្ខាងម្នាក់ ក្នុងគោលបំណងទៅជួសជុលសេវាទូរស័ព្ទរបស់ក្រុមហ៊ុនម៉ូប៊ីធែល ហើយនៅជនសង្ស័យទាំង០២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង ចូលទៅជួសជុលបានបន្តិច ឈ្មោះ អ៊ឹម អៀងហុង បានយកលិខិតសុំចូលទីតាំងស្ថានីយ៍អង់តែនដែលជនសង្ស័យទាំង០២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង ឃើញពុំមានចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានក្រុមហ៊ុន ទើបដឹងជាលិខិតក្លែង ក្លាយ ភ្លាមនោះឈ្មោះ អ៊ឹម អៀងហុង បានចូលទៅតាមមើលឃើញជនសង្ស័យទាំង០២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង បានធ្វើសកម្មភាពយកកន្រ្តៃកាត់ខ្សែការពាររន្ទះសេវាទូរស័ព្ទ របស់ក្រុមហ៊ុនស្មាត (ដែលនៅបង្គោលជាប់គ្នា) ឃើញដូចនោះឈ្មោះ អ៊ឹម អៀងហុង ក៏បានទូរស័ព្ទទៅប្រាប់ខាងក្រុមហ៊ុនទូរស័ព្ទស្មាតឲ្យបានដឹង បន្ទាប់មកនៅវេលាម៉ោង១៨ម៉០០នាទីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឈ្មោះ រស់ ហេង (ជាអ្នកតំណាងរបស់ក្រុមហ៊ុនស្មាត) បានមកពិនិត្យមើលខ្សែការពាររន្ទះសេវាទូរស័ព្ទរបស់ក្រុមហ៊ុនស្មាតដែលត្រូវកាត់ផ្តាច់ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ សែម លៃហួ និង ឈ្មោះ សាត សុខជាង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វើការសាកសួរ និង ដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ​ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់