ព័ត៌មានជាតិ

ម៉ូតូសង់ ជិះមិនប្រយត្ន័ត្រូវរថយន្តនីសាន់បុកពេញទំហឹង របួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងម៉ូតូ និងរថយន្តតូច បណ្តាលឲ្យ២នាក់ប្តីប្រពន្ធ របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង១២នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រ១៣-១៤ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-5989 បើកបរដោយឈ្មោះ ណាវ សំអឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ទត តាំងអ៊ួក ភេទស្រី អាយុ៣១ឆ្នាំ (ត្រូវជាប្រពន្ធ រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងទៅខាងឆ្វេងដៃ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-8088 បើកបរក្នុងទិសដៅពីកើតទៅលិច (អ្នកបើក បរគេចខ្លួន) បានមកដល់ធ្វើឲ្យជាន់ហ្រ្វាំង គេចមិនផុត ក៏បុកម៉ូតូតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមានការធ្វេសប្រហែស មិនពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបត់ឆ្លងផ្លូវ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបន្ទាន់ ធ្វើការគូសដៅវាស់វែង កន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់