ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន EKT បុកម៉ូតូMSX កិនស្ត្រីម្នាក់ស្លាប់និងប្តីរបួសស្រាល អូសម៉ូតូជាច្រើនម៉ែត្ររហូតឆេះ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តក្រុងរបស់ក្រុមហ៊ុន EKT ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3B-5112 បានបើកទៅបុកម៉ូតូ MSX ពាក់ស្លាកលេខ ភ្នំពេញ 1FD-4854 កំពុងជិះ២នាក់ប្តីប្រពន្ធ ពេញទំហឹង បណ្តាលឲ្យម៉ូតូឆេះ និងកិនស្លាប់ស្ត្រីជាប្រពន្ធ រីឯប្តីរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវ៣០ម៉ែត្រ ភូមិទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក​ MSX ជិះពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏មានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរណ៍មួយគ្រឿង សង្ស័យចាប់ហ្វ្រាំងមិនទាន់ក៏បានជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្ត្រីធ្លាក់ពីលើម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម រីឯម៉ូតូត្រូវបានរថយន្តអូសជាច្រើនម៉ែត្ររហូតឆេះថែមទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់