ព័ត៌មានជាតិ

ម៉ូតូរ៉ឺម៉កបើកគ្មានភ្លើងបំភ្លឺ ត្រូវម៉ូតូសង់ជិះលឿនបុកពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ដែលជិះស្របគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗមួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌បៃតង ស្លាកលេខ កំពង់ធំ 1E-3108 បើកបរដោយឈ្មោះ នាត នី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ រើន រ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) បានបុកជាមួយនឹងម៉ូតូម៉ាកសាន់យ៉ាន់កូរេ ពណ៌ក្រហម គ្មានស្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់)។

ចំណែកមូលហេតុបឋម បង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូហុងដាសេ១២៥ ឈ្មោះ នាត នី បើកបរមានល្បឿនលឿន ទើបបុកគ្នាតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្ទោង រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់