ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញថ្នាំញៀនយកទៅជក់ មិនទាន់បានជក់ផងត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនបុរស២នាក់ដកហូតបានថ្នាំញៀន១កញ្ចប់តូច ខណ:ដែលបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីទិញថ្នាំញៀន ឆ្លងកាត់គោលដៅ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារឈូកទិព្វ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក។

បុរសទាំង២នាក់ទី១ មានឈ្មោះ សុន ជីវន័ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ទី២មានឈ្មោះផាន ស៊ីអូក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឡាននៅម្តុំទួលគោក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិ ឃុំជាមួយគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Y-0259។

សមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើនេះកម្លាំងសមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតខាងលើ ខណ:នោះក៏ឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ឆែកឆេរនៅលើខ្លួនប្រាណបានប្រទះឃើញថ្នាំញៀន១កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់តែម្តង។

តាមចម្លើយសារភាពពីបុរសទាំង២នាក់បានប្រាប់ថារូបគេបានទិញញៀន១កញ្ចប់នេះ ក្នុងតម្លៃ២ម៉ឺនរៀល យកទៅប្រើប្រាស់។

បច្ចុប្បន្ន បុរសទាំង២នាក់ខាងលើរួមនឹងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់