ព័ត៌មានជាតិ

មន្ត្រីកាំកុងត្រូល ​ចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ដែលជាថ្ងៃទី២​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ នៃក្រសួងពាណិជ្ជកម្ម​ បានចុះត្រួតពិនិត្យទំនិញនៅសួនច្បារមុខវត្តបទុមវត្តី​ សួនច្បារវិមានឯករាជ្យ កោះពេជ្រ និងតាមដងផ្លូវ​ ចាប់ពីមុខព្រះបរមរាជវាំង​ ដល់ផ្សាររាត្រី​ ដើម្បីត្រួតពិនិត្យ អំពីអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់ រយ:ពេលប្រើប្រាស់ និងសារធាតុគីមី ហាមឃាត់ ដែលប្រើប្រាស់លើ ផលិតផលម្ហូបអាហារ ។

គោលបំណង នៃការចុះពិនិត្យទំនិញ នៅថ្ងៃបុណ្យអុំទូកនេះ គឺដើម្បីធានាសុវត្ថិភាព សុខភាព ជូនដល់ប្រជាពលរដ្ឋ ពិសេសកីឡាករប្រណាំងទូក​ ដែលអញ្ជើញមកលេងកម្សាន្តនៅតំបន់ប្រារព្ធពិធីបុណ្យជៀសវាងការទទួលទានអាហារ នំចំណី និងភេសជ្ជ:ផ្សេងៗ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់…។ ល ។

ក្នុងការត្រួតពិនិត្យ​ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ ដូចជា គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ប្រហិតគ្រប់មុខ សាច់ក្រក និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ និងស្តង់លក់ទំនិញ ។

លទ្ធផល​ :​ ក្រោយការត្រួតពិនិត្យ​ មន្ត្រីកាំកុងត្រូលបានរកឃើញ និងដកហូត​ ងៀតបបែល​ មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់​ ចំនួន​ ៣,៩៥គីឡូក្រាម មករក្សាទុក​ ដើម្បីកម្ទេចចោល​ ។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលបានណែនាំឱ្យបងប្អូនអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការជ្រើសរើសផលិតផល ម្ហូបអាហារមកដាក់តាំងលក់ និងប្រើប្រាស់ ជៀសវាងការ ដាក់តាំងលក់ ឬទិញម្ហូបអាហារដែលខូចគុណភាព មានចម្លងមេរោគ ហួសកាលបរិច្ឆេទប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមី ហាមឃាត់យកមកប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ និងបានបិទផ្ទាំងរូបភាពផ្សព្វផ្សាយអំពីរបៀបជ្រើសរើសផលិតផល​ ម្ហូបអាហារដែលមានសុវត្ថិភាពមកបរិភោគផងដែរ៕

មតិយោបល់