Post News Media ព័ត៌មានជាតិ នគរបាលខណ្ឌឬស្...

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យមួយសម្បុក ក្នុងការបង្ក្រាបជាក់ស្ដែងករណីឆក់ទូរស័ព្ទ

ភ្នំពេញ: ក្រុមជនសង្ស័យវ័យក្មេង២នាក់ និងបក្ខពួក៤នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅក្នុងករណីជាក់ស្ដែង ឆក់ទូរស័ព្ទពីជនរងគ្រោះ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងសាំងតេលា ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីឆក់ទូរស័ព្ទដៃនេះ បង្កឡើងដោយជនសង្ស័យ២នាក់ បានជិះម៉ូតូម៉ាក ប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HD -2002។ ចំណែកជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទប្រុសអាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨៩ ផ្លូវរថភ្លើងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។

ជនសង្ស័យទី១ឈ្មោះ ថុន បុរី ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់ស្វាយប៉ាក (មានសារធាតុញៀន) អ្នកបើកម៉ូតូ។ ទី២ឈ្មោះ និត ចន្ថា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខភូមិដួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ជាអ្នកធ្វើសកម្មភាពឆក់។ ទី៣ឈ្មោះ ផេង ដារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (មានសារធាតុញៀន)បក្ខពួក។ ទី៤ឈ្មោះ គក់ រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិប្រាសាទ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀន)បក្ខពួក។ ទី៥ឈ្មោះ រ៉ន រុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀន) បក្ខពួក។ ទី៦ឈ្មោះហម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិធំសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ (មានសារធាតុញៀន) បក្ខពួក។

សម្ភារដកហូតបាន រួមមាន៖ ម៉ូតូ២គ្រឿងម៉ាកប៊ីត ពណ៌សលាយខៀវ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HD-2002(ម៉ូតូជិះធ្វើសកម្មភាព) និងមួយគ្រឿង ម៉ាកC110 ពណ៌ ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ1BQ-1086 ។ ទូរស័ព្ទចំនួន៤គ្រឿង ម៉ាកអាយហ្វូនភ្លើស ពណ៌ខ្មៅ១គ្រឿង (ជារបស់ជនរងគ្រោះ) ម៉ាកអាយហ្វូនស៊ិច ពណ៌ស១គ្រឿង របស់ជនសង្ស័យ និងម៉ាកនូគា (អ៊ិនចុចពិល៣គ្រឿង) របស់ជនសង្ស័យ។

ប្រភពដដែលបានបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូដឹកប្រពន្ធ ដោយដាក់ទូរស័ព្ទនៅក្នុងហោប៉ាវអាវខាងមុខ ជិះតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ពេលដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកប៊ិតពាក់ស្លាកលេខ1HD-2002 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ពីហោប៉ាវអាវ រួចគេចខ្លួនបាត់ដោយជនរងគ្រោះ បានស្គាល់ស្លាកលេខ និងភិនភាគម៉ូតូ ក៏បានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីបានទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ៦នាក់ខាងលើ នៅចំណុចផ្ទះសំណាក់បឹងលាភ ផ្លូវបេតុងក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាព និងទូរសព្ធ័របស់ជនរងគ្រោះមកវិញផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ធាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿង និងបន្តធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម ដើម្បីបញ្ជូនមកអនុវត្តន៍តាមនិតិវិធី៕

Loading...