ព័ត៌មានជាតិ

វាយប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌច្បារអំពៅ! ខណៈដែលប្រុសស្រីមួយក្រុមជិះត្រឡប់មកពីដើរលេងបុណ្យអុំទូកវិញ

​ភ្នំពេញ: កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរចូលលួចកាច់សោ.កម៉ូតូគ្រឿង នៅ​តូបយាមមុខច្រកចូលបុរីតាង៉ូវ ភូមិអូរអណ្ដូងមួយ​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ជនរងគ្រោះ​​ឈ្មោះ ជា សាមឌី ភេទប្រុស​ អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ​យាមបុរី​តាង៉ូវ ស្នាក់នៅភូមិតាង៉ូវ​កណ្ដាល​សង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិក្រោលគោ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​​។

ម៉ូតូដែលត្រូវបានចោរលួចម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង​1K-8392។​

​​ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះ​PassApp ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ​។

ហើយនៅ​វេលាម៉ោង​​៥និង២០នាទីទាបភ្លឺ​​ថ្ងៃខែដដែលនោះ មានករណីវាយប្លន់យកម៉ូតូបានសម្រេច នៅ​មុខអាស្រម​វិមាននាគរត័វង្គត់បុរី​ លើកំណាត់ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណ:​ដែល​មានប្រុសស្រីមួយក្រុម ជិះម៉ូតូត្រឡប់មកពីដើរលេងបុណ្យអុំទូកវិញ ​ត្រូវបានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ​១គ្រឿង បានសម្រេច រួចជិះគេចខ្លួន​បាត់ដោយសុវត្ថិភាព​ មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ចេញអន្តរាគមន៍ឡើយ​។

ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ​បាលនិរោធ តែសមត្ថកិច្ចប៉ុស្តិ៍និរោធបានប្រាប់ឲ្យជនរងគ្រោះទាំងនោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកប្រាវិញ ទើបជនរងគ្រោះក៏បានជិះម៉ូតូចេញទៅបាត់អស់៕

មតិយោបល់