ព័ត៌មានជាតិ

​ឃាត់ខ្លួនក្រុមចោរ៥នាក់ ក្រោយធ្វើសកម្មភាពឆក់ជនបរទេស នៅក្រុងព្រះសីហនុ!

​ព្រះសីហនុ: នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​១៩និង០០នាទី ស្ថិតនៅម្តុំឧតុនិយម ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស (ឆក់ជនបរទេស) មួយកើតឡើង​ បង្កឡើងដោយ​ជនសង្ស័យ ២នាក់ ជិះម៉ូតូសេ១២៥ ឆ្នាំ២០១៨ មានគ្នា២នាក់​។​​
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការប្រដេញនិងស្ទាក់ ចាប់បានជនសង្ស័យចំនួន២នាក់ នៅចំណុចខ្ទមយាយម៉ៅ ហើយឆ្លងទៅតាមការសាកសួរជាបន្តបន្ទាប់ ឈានទៅ​ដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត សរុបចំនួន​៥នាក់​។

ជនរងគ្រោះជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្ននេះពុំទាន់បានមកដាក់ពាក្យបណ្តឹងនៅឡើយ ។

ជនសង្ស័យចំនួន ៥ នាក់ មានឈ្មោះដូចខាងក្រោម ៖
​១.ឈ្មោះ យិន ទីទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។
២.ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ) ។
៣.ឈ្មោះ និត ម៉ាណាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ជនដៃដល់ )​។
៤.ឈ្មោះ ឆៀង វឌ្ឍន: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ព្រះសីហនុ ( ជនដៃដល់ ) ។
៥.ឈ្មោះ ស ម៉េង អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទទួលផលចោរកម្ម )។

វត្ថុតាងចាប់យកបានរួមមាន​៖
​-ម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១៨ ពណ៍ខ្មៅ ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)។
​-ទូរស័ព្ទ​២​គ្រឿង ( អាយហ្វូន១គ្រឿង និង ម៉ាកOPPO ១ គ្រឿង ) ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងបន្តនិតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្ត៕

មតិយោបល់