ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា​​ទៅលើជនជាតិចិន!

ព្រះសីហនុ: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា (​ទៅលើជនជាតិចិន​)​មួយកើតឡើង បង្កឡើងដោយជនសង្ស័យ​៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ​​២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ខណ:​ដែលជនរងគ្រោះកំពុងឈរបតជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់​។

លុះនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទី នៅចំណុច ផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ចំនួន​២ករណីទៀតបានកើតឡើងជាបន្តបន្ទាប់ បង្កឡើងដោយជនសង្ស័យ​៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ​២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិន​២នាក់ ខណ:​ដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញ ភ្លាមៗ ។

បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ​២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួករបស់ពួកគេបានម្នាក់​ទៀត​។

ជនរងគ្រោះទាំង២លើក​៖ ទី១​រងគ្រោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI លិខិតឆ្លងដែនលេខ: EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ទី២​៖ រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន​២នាក់៖ ១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ​​។ និង២​ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន​៣នាក់៖ ១-ឈ្មោះ យ៉ា សុក្រី ហៅ​កា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ អ្នកបើកម៉ូតូ )​។ ទី២​ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។
៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់ ) ។

វត្ថុតាងចាប់យកបាន៖ ដាវ​១ដើម​(​ឧបករណ៍ធ្វើសកម្មភាព),ដំបងដែករលាស់ ០១ដើម ( ឧបករណ៍ធ្វើសកម្មភាព​),ម៉ូតូ​១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១FP-៨៨១២ ( មធ្យោបាយជិះធ្វើសកម្មភាព )​។
ជនសង្ស័យទាំង ០៣នាក់នេះ បានសារភាពនៅសកម្មភាពដែលពួកគេ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ( ទៅលើជនជាតិចិន ) ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារ ជនសង្ស័យបានខឹងនិងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រីរបស់ជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង ហើយម្យ៉ាងវិញទៀត ក្រុមជនសង្ស័យថា ពួកគេស្អប់ជនជាតិចិន ព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជា នៅពេលដែលផឹកស៊ី និងចេញពីធ្វើការ ដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរ
ម៉ូតូឲ្យជៀស បែរជាស្រែជេរពួកគេទៅវិញ ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់