ព័ត៌មានជាតិ

ស្រវឹងស្រាជោក បើកម៉ូតូរេពេញផ្លូវទៅបុកម៉ូតូច្រាសទិសគ្នា របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរសម្នាក់ប្រើប្រាស់ជាតិស្រវឹងជោកជាំ បើកម៉ូតូរេពេញផ្លូវជ្រុលទៅបុកម៉ូតូច្រាសទិស បណ្តាលឲ្យរងរបួសលោកតាម្នាក់ធ្ងន់ធ្ងរ និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីម៉ូតូគ្រីស ពណ៌ក្រហម ពាក់ស្លាកលេខ ភ 8353 ភព1 ជិះគ្នា២នាក់ តានិងចៅស្រី បើកបរដោយឈ្មោះ ថន ភឿន ភេទប្រុស អាយុ៧០ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេង អុកចំដើមទ្រូងជាមួយដៃចង្កូតម៉ូតូ រួមដំណើរជាមួយចៅស្រីឈ្មោះ តេង ស្រីលាភ អាយុ១៧ឆ្នាំ មុខរបរកម្មការរីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសស្រាល ។ ចំណែកភាគីបង្ក ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D-2902 បើកបរដោយបុរសស្រវឹងម្នាក់ ឈ្មោះ ស្រ៊ុន ប៊ុនណេង អាយុ៣៦ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ពុំមានរងរបួស។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសស្រវឹងខាងលើ បើកម៉ូតូកាត់តាមផ្លូវបេតុងក្នុងភូមិ ពីលិចទៅកើត ក្នុងសភាពស្រវឹងស្រារេពេញផ្លូវ ទៅកៀររបងផ្ទះពលរដ្ឋម្តងមកហើយតែមិនដួល ហើយបន្តដំណើរទៅមុខទៀត រេទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូ លោកតា កំពុងជិះឌុបចៅស្រី ចិញ្ចើមផ្លូវបេតុងច្រាសទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ ចៅស្រីរងរបួសស្រាល។ ចំណែកភាគីមិនបានដួល ហើយក៏មិនរងរបួសដែរ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ តានិងចៅ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ រីឯម៉ូតូទំង២គ្រឿង នគរបាលចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរងចាំដោះស្រាយគ្នាពេលក្រោយ ៕

មតិយោបល់