ព័ត៌មានជាតិ

គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក​ដឹកឈើក្រាក់ ដាច់កង់ រេចង្កូតទៅបុករថយន្តឡិចស៊ីស ស្លាប់ម្នាក់ របួសម្នាក់!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតា​RT- 140​ ពណ៌ក្រហម​ សណ្តោងរ៉ឺម៉ក​ ដឹកឈើក្រាក់ បានរេចង្កូតមកបុកជាមួយរថយន្តម៉ាកឡិចស៊ីស ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុម១ ភូមិស្ទឹងចក ឃុំព្រៃតូច​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ លើផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត​ ២៥៦-២៥៧​។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតា​RT- 140​ ពណ៌ក្រហម​ សណ្តោងរ៉ឺម៉ក​ ដឹកឈើក្រាក់អ្នកបើកបរមិនស្គាល់ឈ្មោះ(ស្លាប់) ភេទប្រុស​ ធ្វើដំណើរពីទិសភ្នំពេញ​ទៅបាត់ដំបង​ លុះមកដល់ចំណុចកើតហេតុ​បានដាច់កង់​ រេចង្កូតមកឆ្វេងដៃ​ ទៅបុកជាមួយ​រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ធុនទេសចរតូច​ ពាក់ស្លាកលេខ ភ្នំពេញ 2AH-9143 ​អ្នកបើកបរ(មិនស្គាល់)​ ធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តកន្ត្រៃ និងរបួសអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅមន្ទីរខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងគោយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់