ព័ត៌មានជាតិ

រថយន្តដឹកទឹកកក​ បើកកៀររថយន្តដឹកហ្គាស រួចជ្រុលបុកចូលរបងគេ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: ​ករណី​គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត​ដឹក​ទឹកកក​បាន​បើក​ជែង​ តែ​មិន​ផុត​ក៏​​ទៅ​កៀរ​រថយន្ត​ដឹក​ហ្គា​ស​ រួច​ជ្រុល​ទៅ​បុក​របង​គេ ​ផ្អើល​ទាំង​ព្រឹក​ ដែល​ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ ភូមិ​ឃ្មួញ សង្កាត់​ក្មួ​ញ ខណ្ឌ​សែន​សុខ។

រថយន្ត​ដឹក​ទឹកកកខាងលើ ម៉ាក​ហី​យ៉ា​ន់​ដាយ ពណ៌​ស មិន​ទាន់​មាន​ស្លាកក​លេខ។ ដោយឡែក​រថយន្ត​ ដែល​បាន​ត្រូវ​គេ​បើក​កៀរ​ម៉ាក​ហី​យ៉ា​ន់​ដាយ ពាក់ស្លាក​លេខ​ភ្នំពេញ​២Z-២៥៣៤ ​ដឹក​ហ្គា​ស។

តាម​ប្រភពព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុគេឃើញ ​រថយន្ត​ទាំង​ពីរ ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​ដឹកទឹកកក ក៏​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀតតែមិនផុត ក៏​កៀរ​រថយន្ត​ដឹក​ហ្គា​ស​ខាងលើ​ បណ្តាលឲ្យ​ឡើង​ចិញ្ចើម​ផ្លូវជ្រុល​ទៅ​បុក​របង​គេ​។

ក្រោយពេលកើតហេតុ ​រថយន្ត​បង្ក​ក៏​បាន​សម្រួល និង​ជួយ​ជួសជុល​ខូចខាត​របង​ផង​ដែរ ចំណែកភាគីម្ខាងទៀត រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់