ព័ត៌មានជាតិ

រថយន្តទេសចរណ៍VIP​ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្ស បុកម៉ូតូស្លាប់បុរសម្នាក់ នៅស្រុករលាប្អៀរ!

កំពង់ឆ្នាំង: នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​និងម៉ូតូ នៅលើផ្លូវជាតិ​លេខ​៥ ចន្លោះគីឡូម៉ែត្រលេខ​៩៣-៩៤ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាកTOYTA HIACE ប្រភេទទេសចរណ៍VIP ដឹកអ្នកដំណើររបស់ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្ស ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2Z-4659 (អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ)បើកបរពីលិចទៅកើត លុះបើកបរមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿង
ម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-9199 ដែលបានបើកហើយបត់ឆ្លងកាត់ផ្លូវពីជើងទៅត្បូង​(បត់ឆ្វេងប្ដូរគន្លងផ្លូវចូលកន្លែងគយ​)ក្នុង​ដំណើរខ្វែងទិសគ្នាបានបណ្ដាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ​ឈ្មោះ​ ណេន សាវិន ភេទប្រុស អាយុ​៣៨ឆ្នាំ រស់នៅភូមិធ្លក វៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។

​ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តបានចុះរត់គេចខ្នួនបាត់ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ​។
​សមត្ថកិច្ចបានធ្វើការវាស់វែង​និងនាំយក​វត្ថុតាង​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ៕

មតិយោបល់