Post News Media ព័ត៌មានជាតិ សូមប្រុងប្រយត...

សូមប្រុងប្រយត្ន័! សមត្ថកិច្ចរកឃើញសារធាតុគីមីហាមឃាត់ក្នុងមឹក ដែលមានផ្ទុកសារធាតុFormaline ក្នុងផ្សារដើមក្រឡាញ់!

សៀមរាប: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មឹកដែលមានផ្ទុកសារធាតុ Formaline ប្រមាណ ៣.៥០ គីឡូក្រាម ត្រូវបានដកហូត នៅផ្សារដើមក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម គណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារដើមក្រឡាញ់ ដែលមានទីតាំងនៅភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

មន្រ្ដីកាំកុងត្រូលបានធ្វើការវិភាគបឋមដោយប្រើតេស្ដឃីតទៅលើម្ហូបអាហារចំនួន ១៦ គំរូ ដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង មីលឿងសំប៉ែត លត គុយទាវសរសៃ (ធំ-តូច) គុយទាវ (ភ្នំពេញ, បាត់ដំបង) ប្រហិតសាច់គោ ជ្រក់ស្ពៃ ខ្ញីហាន់ មឹក ៣គំរូ បង្គា ២គំរូ។

ជាលទ្ធផល៖ មន្រ្ដីកាំកុងត្រូលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ក្នុងមឹក ដែលមានផ្ទុកសារធាតុ Formaline និងបានធ្វើកំណត់ហេតុដកហូតចំនួន ៣.៥០ គីឡូក្រាម។

ជាមួយគ្នានោះដែល មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីហាមឃាត់មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

Loading...