ព័ត៌មានជាតិ

រថយន្តFUSO ពន្លះជាមួយម៉ូតូ HONDA MOVE ស្លាប់ម្នាក់យ៉ាងរន្ធត់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រីម្នាក់​ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខផ្លូវចូលផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8065 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៊ុន ឡូត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (ឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA MOVE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-7523 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ លឹម អ៊ីម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នឹងកន្លែងកើតហេតុ) ។

ក្នុងករណីនេះបណ្តាលឲ្យម៉ូតូខូចខាតស្រាល១គ្រឿង រថយន្តស្រាល១គ្រឿងនិងស្លាប់មនុស្សម្នាក់ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់