ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង ម្ចាស់រងរបួសបែកក្បាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-5395 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ បាក់២កង់។ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ និងម្ចាស់រងរបួសស្រាលបែកក្បាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់