ព័ត៌មានជាតិ

កុងតៃន័រ ពន្លះឡិចស៊ីស កំពុងបត់ឆ្លងផ្លូវ រងខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តកុងតៃន័រមួយគ្រឿង បានបន្តដំណើរដោយជាន់ហ្គាបន្ថែមល្បឿន ទាំងភ្លើងស្តុបលោតពណ៌លឿងជាសញ្ញាប្រុងបរយ័ត្ន ដើម្បីឆ្លងឲ្យផុត លុះភ្លើងក្រហមលោតភ្លែត ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស កំពុងបើកបត់ឆ្លងផ្លូវ តាមសញ្ញាភ្លើងខៀវរបស់គេ បណ្តាលឲ្យរងខូចខាត ខ្ទេចមុខឡិចស៊ីស ខណ:តៃកុងរថយន្តបង្កគេចខ្លួនបាត់ ទុកតែរថយន្តរបស់ក្រុមហ៊ុនចោលកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភ្លើងស្តុបកែងផ្លូវQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្ក ប្រភេទកុងតៃន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-8333 ដឹកស៊ីម៉ង់ត៍។ ចំណែករថយន្តរងគ្រោះ ម៉ាក ឡិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3348 រងខូចខាតខ្ទេចផ្នែកខាងមុខមួយចំហៀង ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បានបើកពីកើតទៅលិច លុះជិតដល់ចំណុចភ្លើងស្តុបខាងលើ ភ្លើងសញ្ញាពណ៌លឿងលោត ជាសញ្ញា ដល់រាល់អ្នកបើកបរឲ្យប្រុងប្រយ័ត្នឈប់ ក៏ប៉ុន្តែ រថយន្តបង្កនៅតែបន្តរុលទៅមុខ មិនខ្វល់ មិនយោគយល់ដល់យានដទៃ ទោះជាភ្លើងសញ្ញាស្តុប ពណ៌ក្រហមលោតហើយក៏ដោយ តែរថយន្តខាងលើ នៅតែបំពាន បើកទៅមុខ ទៅបុករថយន្តឡិចស៊ីស ដែលបើកពីលិចទៅកើត ហើយបត់ឆ្វេង ទៅតាមភ្លើងសញ្ញាពណ៌ខៀវរបស់គេ ។

ករណីខាងលើ ដោយរកតំណាងដោះស្រាយមិនបាន បន្ទាប់ពីភាគីបង្ករត់ចោលឡាន សមត្ថកិច្ចបានយករថយន្តទាំង២ ទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ ដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់