ព័ត៌មានជាតិ

Update៖ រថយន្តដឹកអង្ករមួយគ្រឿង រេចង្កូតបុកបង្គោលថ្មរបាំងផ្លូវ ធ្លាក់ចូលស្រះត្រី សំណាងល្អមិនមានអ្នកស្លាប់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត ដឹកអង្ករមួយគ្រឿង បានធ្លាក់ថ្នល់ ចូលស្រះត្រី តែសំណាងល្អមិនមានមនុស្សរបួសធ្ងន់ ឬបាត់បង់ជីវិតឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះសុខតាយ លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់កន្លែងកើតហេតុ ក៏បានរេចង្កូតបុកបង្គោលថ្ម របាំងផ្លូវ បណ្ដាលឲ្យធ្លាក់ចូលស្រះត្រីរបស់ឈ្មោះ ហ៊ិន គឹមវ៉ា ភេទស្រី អាយុ ៦០ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញតែម្តង ។

ករណីនេះ បានបណ្តាលឲ្យរថយន្តខូចខាតធ្ងន់ ០១គ្រឿង បាក់បង្គោលថ្មរបាំងផ្លូវចំនួន ០៣ដើម និងខូចខាតសម្ភារ:ក្នុងស្រះត្រីមួយចំនួន ។

ក្រោយកើតហេតុភាគីខាងរថយន្ត បានលើកអង្កចេញពីរថយន្ត ដែលធ្លាក់ទឹកដាក់រថយន្តមួយគ្រឿងទៀត រីឯរថយន្តដែលធ្លាក់ទឹក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់