ព័ត៌មានជាតិ

យកម៉ូតូមិត្តភក្តិទៅបាត់ជិត១០ថ្ងៃ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ: បុរសចំនួន២នាក់ បានយកម៉ូតូមិត្តភក្តិហើយគេចខ្លួនបាត់មួយរយ: ក្រោយមកទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ យកមកសួរនាំ ខណ:ដែលជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨​ព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅចំណុចបន្ទប់ជួលភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យមានឈ្មោះ ប៉ុន​ កែវឯក​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរជាងជុសម៉ូតូ​ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ មាស​ ភាព​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ។

តា​មសម្តីជនរងគ្រោះ មុនពេលកើតហេតុ កាលពីមុនថ្ងៃបុណ្យអុំទូករូបគាត់បានជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-2557 ឌុបឈ្មោះ ធី ទៅបន្ទប់ជួលឈ្មោះ ប៉ុន កែវឯក​ ពេលទៅដល់ជនសង្ស័យទាំង២នាក់បានខ្ចីម៉ូតូទៅទិញទឹកពេលនោះរូបគាត់ក៏បានឲ្យជិះយកទៅបាត់។ ក្រោយមកទើបឈ្មោះ ប៉ុន កែវឯក​ ក៏បានដើរមកម្នាក់ឯង ហើយរូបគាត់ក៏បានសួរនាំពេលនោះជនសង្ស័យប្រាប់ថា ឈ្មោះ ធី ជិះមិនដឹងទៅណាទេ ទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ លុះមកដល់ថ្ងៃទី២៧​ ជនសង្ស័យនៅមិនទាន់យកម៉ូតូឲ្យទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ុន កែវឯក តែម្តង។ ចំណែកឈ្មោះធីគេចខ្លួនរួមទាំងម៉ូតូទៅបាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់