ព័ត៌មានជាតិ

CBR បើកលឿនជ្រុលទៅបុកវីស្តូ កំពុងឆ្លងផ្លូវ របួសបាក់ជើងម្ខាងសន្លប់ស្តូកស្ដឹង

ភ្នំពេញ: យុវជនម្នាក់បានរងរបួសធ្ងន់ បាក់ជើងម្ខាងសន្លប់ស្តូកស្ដឹង នៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូធំបោះពួយយ៉ាងលឿន ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្តចំទទឹងកំពុងបើកឆ្លងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ បេវ ប៊ុនថា ភេទប្រុស អាយុ២៩ឆ្នាំ ជិះម៉ូតូ ម៉ាក CBR ពណ៌ស ក្រហម។ ចំណែកភាគីខាងរថយន្ត ម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-2038 អ្នកបើកបរមិនស្គាល់ឈ្មោះ ។

តាមពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកចេញពីផ្លូវបេតុង បុរីធូ លន ពីកើតទៅលិច ឡើងឆ្លងផ្លូវជាតិលេខ៣ បំណងបត់ឆ្ពោះទៅត្បូង ហើយខណ:ដែលរថយន្តកំពុងបើកឆ្លងផ្លូវជាតិលេខ៣ ស្រាប់តែម៉ូតូ CBR បើកបរល្បឿនលឿន សង្ស័យម្ចាស់ស្រវឹងស្រា បានបើកពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ គេចក៏មិនផុត ជ្រុលទៅបុករថយន្តពីទទឹង បណ្ដាលឲ្យបោកផ្ទប់រងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម: ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចចុះទៅវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់