Post News Media ព័ត៌មានជាតិ ចេញពីផឹកស៊ីជិ...

ចេញពីផឹកស៊ីជិះម៉ូតូឌុបមិត្តតិភក្តិទៅផ្ទះ ធ្លាក់ជង្ហុកដួលបោកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធម៌ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបានចេញពីផឹកស៊ី ជិះម៉ូតូមួយគ្រឿងឌុបមិត្តភក្តិត្រឡប់ទៅផ្ទះវិញ បានធ្លាក់ជង្ហុកដួលបោកនឹងថ្នល់ពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខច្រកចូលបុរីហ្គ្រេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ ជា សុភ័ក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ មានស្រុកកំណើត ភូមិព្រៃសំរោង ឃុំទួលព្រិច ស្រុកអង្កស្នួល ខេត្តកណ្តាល។ ចំណែកម្នាក់ទៀតរួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបាននាំគ្នាផឹកស៊ីនៅផ្ទះមិត្តភក្តិនៅម្តុំអន្លង់ក្ងាន លុះផឹកស៊ីរួចក៍បានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ដោយជនរងគ្រោះបានជិះមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-1691 បានឌុបមិត្តភក្តិម្នាក់ពីក្រោយ ត្រឡប់ទៅផ្ទះដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលនឹងថ្នល់បណ្តាលជនរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌។ ចំណែកមិត្តភក្តិរួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបណ្តោះអាសន្នរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិចជំនាញធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

Loading...