ព័ត៌មានជាតិ

ឡិចស៊ីស៣៣០ ស្លាកលេខ ខេមរភូមិន្ទភូមិន្ទ01-2-0337 បុកម៉ូតូពីក្រោយ បុរស៣នាក់របួសធ្ងន់រួចបើករត់ ផ្អើលពេញខណ្ឌជ្រោយចង្វារ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡិចស៊ីសRX៣៣០ ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បោះពួយទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរស៣នាក់ចំពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ រួចបើករត់រាប់រយម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់មកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានបេឡេត្រើយខាងកើត តាមបណ្តោយផ្លូវ៦អា ​ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01-2-0337 ធ្វើដំណើរលើស្ពានបេឡេ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3667 ជិះដោយបុរសម្នាក់៣នាក់ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលដួលបោកនឹងថ្មល់រងរបួសធ្ងន់ទាំង៣នាក់។ បន្ទាប់មកត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកបង្កមិនឈប់ទទួលខុសត្រូវ នោះទេបានបន្ថែមល្បឿនបើករត់មកដល់ចំណុចផ្លូវជាតិលេខ៦អា ទល់មុខភោជនីយដ្ឋានកាដូ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានទាំងរថយន្តនិងអ្នកបើកបរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយភាគីបង្កសុំសម្របសម្រួលជាមួយភាគីរងគ្រោះដោយភាគីបង្កបានចេញសំណងជួលជុលម៉ូតូនិងចេញថ្លៃព្យាបាលទាំងស្រុងទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់