ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យរបួសបុរស ២នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង១៥ និង០១នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨
ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ ម៉ាកកាវ៉ាសាគី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DF-1993បើកបរ ដោយឈ្មោះ តឹប ហាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរដឹកកម្មករ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូទៀត ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ AQ1462 បើកបរដោយឈ្មោះ លឹម វង្សា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បុក្គលិកក្រុមហ៊ុនដូងប្រេង មានទីលំនៅភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើដំណើរពីលិចទៅកើត (ឆ្លងផ្លូវ) បណ្តាលឲ្យឈ្មោះ តឹប ហាក់ រងរបួសធ្ងន់បាក់ជើងស្តាំ រីឯឈ្មោះលឹម វង្សា របួសមធ្យម ភ្លាមៗ ត្រូវបានកម្លាំងស្នាក់ការ ៤០១ សម្រួលចរាចរណ៍បញ្ជៀសការកកស្ទះ និងបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យ។

ចំណែកវត្ថុតាងខាងលើ សមត្ថកិច្ចរដ្ឋបាលឃុំតានៃ យករក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់