Post News Media ព័ត៌មានជាតិ គេចទៅណារួច! ច...

គេចទៅណារួច! ចោរលួចរថយន្តរត់ឆ្លងខេត្តម្នាក់ និងអ្នកទទួលផលចោរកម្ម២នាក់ ជាប់ខ្នោះរបស់កងអាវុធហត្ថជាបន្តបន្ទាប់..

កណ្តាល: កាលពីវេលាម៉ោង១ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ហៅ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត បានធ្វើសកម្មភាពលួចរថយន្តម៉ាក LEXUS RX-330 ពណ៌ស ផលិតឆ្នាំ២០០៤ នៅចំណុចយានដ្ឋាន ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅបាត់ ហើយត្រូវបានជនរងគ្រោះប្តឹងកងរាជអាវុធឲ្យស្រាវជ្រាវតាមចាប់ខ្លួន។

ក្រោយមកកម្លាំងអាវុធហត្ថបានស្រាវជ្រាវដឹងថា ជនសង្ស័យបានយករថយន្តលក់ឲ្យគេនៅភ្នំពេញ ហើយរត់គេចខ្លួនទៅខេត្តព្រះវិហារ ទើបខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ និងខេត្តព្រះវិហារ សហការគ្នា ចុះចាប់ខ្លួនជនសង្ស័យឈ្មោះហេង សុភ័ក្រ ហៅ រ៉ា នៅវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភោជនីយ៍ដ្ឋាន ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យសារភាពថា បានយករថយន្តទៅឲ្យមុខសញ្ញាទទួលផលចោរកម្មម្នាក់ទៀត ទើបកងរាជអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ ស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេវ សុខសាញ់ ហៅ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ហើយជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានទិញរថយន្តខាងលើពីឈ្មោះ ហេង សុភ័ក្រ្ត ហៅ រ៉ា ពិតប្រាកដមែន តែគេបានលក់បន្តទៅឲ្យជនសង្ស័យផ្សេងទៀត ទើបនៅម៉ោង៤ល្ងាច ថ្ងៃទី២៦ដដែល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាអ្នកទិញបន្តពីឈ្មោះ ឡេវ សុខសាញ់ ហៅ ពិសិដ្ឋ នៅចំណុចក្នុងវត្តជន្លុងម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដកហូតរថយន្តឡិចស៊ីស ពណ៌ស ផលិតឆ្នាំ២០០៤ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ដែលជាចោរលួចរថយន្ត និងជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​កសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

Loading...