Post News Media ព័ត៌មានជាតិ ទើបតែលែងលះរួច...

ទើបតែលែងលះរួច អតីតប្រពន្ធដើមមកអុកឡុកប្រពន្ធក្រោយនិងប្តីខ្លាំងពេក ផ្អើលដល់សមត្ថកិច្ចចុះមកដោះស្រាយ!

ភ្នំពេញ: ទើបលែងលះគ្នាបាន២ខែ ប្ដីឲ្យអស់មាស១តម្លឹង លុយ១​ពាន់ដុល្លា​រ ស្រាប់តែអតីតប្រពន្ធដើមចាញ់ល្បែងអស់មកតាម​រករឿងឈ្លោះប្រកែកគ្នាទារលុយ១០០ដុល្លារថែមទៀត​ បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិ៍នគរបាល​ទួលសង្កែ១​ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​។

បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ​ បាន​រៀបរាប់ឲ្យដឹងថា​ កាលពីអំឡុងមុនភ្ជុំបិណ្ឌ រូបគាត់និងបុរសជាប្ដីបានស្គាល់គ្នាតាម​រយ:ហ្វេសប៊ុក​ ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នា ដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា​ បានលែងលះគ្នាជាមួយប្រពន្ធដើម​រួចហើយ​ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ គាត់​ក៏បាននាំគ្នាទៅលេងផ្ទះនៅឯស្រុកកំណើត​ ស្រាប់តែលេចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ធ្វើ​បង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់នាំគ្នាទៅរក​មេភូមិដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដីឲ្យមាស១​តម្លឹង​ ទៅខាងប្រពន្ធដើម​។ លុះក្រោយមកមិនបានប៉ុន្មានផង​ ប្រពន្ធដើមមករករឿងម្ដងទៀត នៅក្នុងអំឡុងខែ១១ តែមិនចាំថ្ងៃ​ គាត់(ប្រពន្ធដើម)បានមកទារលុយ១ពាន់ដុល្លារទៀត ​គាត់​និងប្ដីបានឲ្យទៀតដើម្បីបញ្ចប់​។ លុះមកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញស្ត្រីជាប្រពន្ធដើមបានឡើងជិះឡានឈ្នួលមកពីស្រុក​ មករករឿងពួកគាត់ម្ដងទៀត ទើបគាត់រត់មករកឲ្យ​សមត្ថកិច្ចជួយអន្តរាគមន៍​ ។

ចំណែកអតីតប្រពន្ធដើមមិនបាន​និយាយអ្វីទាំងអស់ ដោយគិតតែប្រកែកជាមួយប្រពន្ធ​ក្រោយនិងបុរសអតីតជាប្ដីដោយទាមទារតែលុយ១០០ដុល្លារ​ និងឈប់រករឿង​ ។ ដោយឡែក​បុរសជាប្ដីបាន​រៀបរាប់ថា​ រូបគាត់និងអតីតប្រពន្ធដើម បានចាប់ដៃគ្នាជាប្ដីប្រពន្ធប្រហែល២០ឆ្នាំហើយ ដោយមិនបានរៀបកានោះទេ ពួកគាត់មានកូន២នាក់ធំៗអស់ហើយ​ ។ គាត់​បានបន្តថា​ ប្រពន្ធដើម​របស់គាត់ជាមនុស្សញៀនល្បែង បំផ្លាញ​ទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត​ ដោយ​ឲ្យ​មេភូមិជួយធ្វើកិច្ចសន្យា និងបាន​យល់​ព្រមជាមួយគ្នា​រួចរាល់អស់ហើយតែនៅតាមមករករឿងគាត់​ទាំង២នាក់​ទៀត នៅពេលណាដែលអតីតប្រពន្ធចាញ់ល្បែងម្ដងៗ​ ។

ចុងក្រោយប្រពន្ធ​ចុងព្រមឲ្យលុយ១០០ដុល្លារ​ទៅប្រពន្ធ​ដើម​ ហើយឲ្យនគរបាលប៉ុស្តិ៍​ទួលសង្កែ១​ ជួយធ្វើកិច្ច​សន្យាបញ្ចប់បញ្ហា​ រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន​ ៕

Loading...