ព័ត៌មានជាតិ

ផឹកចាំស្រាកាច ទាស់ពាក្យសម្តីគ្នា២នាក់ព្រួតកាប់១ លទ្ធផលស្ញេញមិនខ្វល់ពីគុក!

កណ្តាល: មានករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ស៊ិន សេរីវុទ្ធ ក្នុងភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន ចយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ រួមមាន៖
១.ឈ្មោះ ស៊ិន សេរីវុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន)។
២.ឈ្មោះ ណុប សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្ដាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន)។

ក្នុងនោះដែរវត្ថុតាងចាប់យកបាន កាំបិតប៉័ងតោចំនួន០១ ។

មុនពេលកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យទាំង២នាក់ខាងលើ បានផឹកស្រាសជាមួយគ្នា រហូតអស់ស្រាចំនួន០៣លីត្រ ។ ក្រោយពេលស្រវឹងស្រារៀងៗខ្លួន ស្រាប់តែពួកគេបានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង ភ្លាមនោះជនសង្ស័យ ស៊ិន សេរីវុទ្ធ បានស្ទុះទៅវាយជនរងគ្រោះ ផាន ចយ ជាច្រើនដៃ បន្ទាប់មកជនសង្ស័យ ណុប សារិទ្ធ បានយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះ១កាំបិតត្រូវចំស្មាខាងស្ដាំ បណ្ដាលឲ្យរងរបួសដាច់ចេញឈាមតែម្ដង ។ ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍កោះធំ(ក) បានទទួលបណ្ដឹងពីជនរងគ្រោះ ក៏បានចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់