ព័ត៌មានជាតិ

ជនជាតិវៀតណាម បើករថយន្តបុករះម៉ូតូ២គ្រឿង ដើមឈើនិងធុងទឹកកក របួស៣នាក់ នៅមុខសហគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា

ភ្នំពេញ: ប្តីប្រពន្ធជនជាតិវៀតណាម២នាក់ចេញពីកម្មវិធីជប់លៀង បើករថយន្តមួយគ្រឿង បុករះម៉ូតូ៣គ្រឿង ធុងទឹកក២ និងដើមឈើ១ដើម បាក់រាបដល់ដី បណ្តាលរងខូចខាត បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល រីឯរថយន្តបង្កទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសហគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា តាមបណ្តោយផ្លូវលំមាត់ទន្លេ ភូមិដើមគ​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញប្តីប្រពន្ធជនជាតិវៀតណាម២នាក់ បើករថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6407 ទើបនឹងចេញពីកម្មវិធីជប់លៀងមួយកន្លែង បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿង ម៉ាកស្មាស់រ៉េវ៉ូ១គ្រឿង ហុងដាគុប១គ្រឿង និងធូដេ១គ្រឿង ចតនៅតាមចិញ្ចើមផ្លូវហើយបន្តទៅបុកធុងទឹកកកអស់២ និងដើមឈើ១ដើមបាក់រាបដល់ដី បណ្តាលឲ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូធូដេ និងបុរសម្នាក់ជាម្ចាស់ម៉ូតូស្មាស់រងរបួសធ្ងន់ និងស្ត្រីជនជាតិវៀតណាមជាប្រពន្ធ រងរបួសស្រាល។ ចំណែករថយន្តបង្កដាំក្បាលចូលច្រាំងទន្លេខូតខាតយ៉ាងដំណំទៅមុខលែងរួច។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់