ព័ត៌មានជាតិ

ហុងដាឌ្រីម បុករថយន្តបណ្ដាលឲ្យដួល ត្រូវរថយន្តមួយគ្រឿងទៀត កិនបន្ថែម ស្លាប់ និងរបួសធ្ងន់ម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត បណ្តាលឲ្យម៉ូតូខ្ទាតដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តមួយគ្រឿងទៀត ដែលកំពុងចរាចរណ៍ស្របទិសពីក្រោយ កិនបន្ថែម ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ នៅភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម៉ូតូបង្កម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-8906 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ប៉េ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគោកអណ្ដែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ បាក់ជើងឆ្វេងពីរកំណាត់) (មិនពាក់មួកសុវត្ថិភាព) រួមដំណើរជាមួយឈ្មោះ គង់ ជា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ ឃុំជាអ្នកបើកបរម៉ូតូ (ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក) (មិនពាក់មួកសុវត្ថិភាព)។

ចំណែករថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2A-2661 (បើកបរទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

រីឯរថយន្តមួយគ្រឿងទៀត ដែលបានបើកកិនបន្ថែម លើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់។

ករណីនេះ កើតទ្បើងដោយសារ អ្នកបើកបរម៉ូតូបើកបរជែង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ។

ក្រោយកើតហេតុវត្ថុតាង រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់