ព័ត៌មានជាតិ

រថយន្តដឹកភេសជ្ជៈ OISHI ប៉ះគ្នាជាមួយហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យក្រទ្បាប់រាយប៉ាយពេញផ្លូវ និងរបួសធ្ងន់ម្នាក់

កំពង់ធំ: នៅវេលាម៉ោង០១ និង០៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុករថយន្ត ដែលក្រឡាប់លើទ្រូងផ្លូវ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ស្ថិតក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខមើលសម្គាល់លែងកើត បានរងការខូចខាត មានសណ្តោងសឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ចាម 4A-0344(ដឹកទឹកផ្លែឈើ) បើកបរក្នុងទិសដៅពីជើងទៅត្បូង បានក្រឡាប់លើទ្រូងផ្លូវ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

រីឯរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីនដាយ (ផ្លូវ៥) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-7089 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ បឿត ភេទប្រុស នៅខេត្តព្រៃវែង (របួសធ្ងន់)។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបឋមបង្កឡើងដោយរថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ក្រឡាប់លើទ្រូងផ្លូវ មិនដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺ រួមផ្សំនិងអ្នកបើកបររថយន្តផ្លូវ៥ បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់