ព័ត៌មានជាតិ

រថយន្តស៊ីណា បើកបុកម៉ូតូកង់បីឥណ្ឌាខ្ទាតទៅប៉ះម៉ូតូកង់បី ខូចខាតយ៉ាងដំណំ រួចបើករត់ផ្អើលពេញខណ្ឌទួលគោក!

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊ីណាមួយគ្រឿង បោះពួយយ៉ាងលឿនដល់ចំណុចផ្លូវបែកជាបួនមិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកដោយបុរសម្នាក់ រួចខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងទៀត ចតតាមចិញ្ចើមផ្លូវរងការខូតខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសដៃជើងតិចតូចរួចរថយន្ត បើករត់ត្រូវបានប្រជាពលរដ្ឋដេញចាប់យកមកដោះស្រាយគ្នាវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7796 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-7273 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៥៩២ទិសដៅពីកើតទៅលិចចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងទៀតរងការខូតខាតផ្នែកខាងមុខតិចតួច។ ចំណែកម៉ូតូកង់បីឥណ្ឌាខូចខាតយ៉ាងដំណំ និងម្ចាស់រងរបួសដៃជើងតិចតួច។ បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើករត់មកដល់ចំណុចផ្លូវ៥៩០ទល់មុខសាច់អាំងហេងហេង២B ត្រូវបានប្រជាពលរដ្ឋដេញចាប់បានយកដោះស្រាយគ្នាវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីបង្កបានចេញសំណងទៅឲ្យម្ចាស់រ៉ឺម៉កម៉ូតូកង់បីចំនួន៥០ដុល្លារ។ ចំណែកខាងម៉ូតូកងបីឥណ្ឌាចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់