ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ទើបចេញពីក្លឹប ជិះម៉ូតូទៅបុកចិញ្ចើមផ្លូវ បោកក្បាលស្លាប់..

ភ្នំពេញ: នារីរូបស្រស់​ម្នាក់បានបោកក្បាលនឹងថ្នល់រងរបួសធ្ងន់​ ហើយបានស្លាប់ខណ:ពេលបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជិះម៉ូតូមួយគ្រឿងចេញពីក្លឹប បែរជាទៅបុកឃឿនចិញ្ចើមផ្លូវ​ ដួលបោកក្បាល​ពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចទល់មុខរោងចក្រ​ផលិត​ផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅលើកំណាត់ផ្លូវជាតិ​លេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីបងប្រុសម្នាក់ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គាត់ឃើញ​នារីរងគ្រោះ ទើបចេញពីក្លឹបមួយនៅចាក់អង្រែ ហើយបានជិះមួយគ្រឿង ម៉ាក Suzuku Nex ពណ៌ស​លាយខ្មៅ ពាក់ស្លាកលេខ​កណ្ដាល 1T-9561 តែម្នាក់ឯង​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង (ដោយមិនដឹងថាទៅផ្ទះ​ ឬក៏ទៅណានោះទេ) លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជិះទៅបុកឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់បន្ទាប់ ត្រូវប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍​រាយការណ៍​ប្រាប់សមត្ថកិច្ច​ និងជួយទាក់ទងរថយន្តគ្លីនិកឯកជន មហានគរ​ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត​។

បើតាម​អ្នកបើកបរ​រថយន្តសង្គ្រោះគ្លីនិក​ មហានគរ​ ​បានបញ្ជាក់ឲ្យដឹងថា​ បន្ទាប់ពីដាក់​អុកស៊ីហ្សែន​បានជាងកន្លះម៉ោង ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក៏បានប្រាប់មកវិញថា​ មិនអាចជួយសង្គ្រោះបានទេ​ ជនរងគ្រោះ​បានដាច់ខ្យល់ស្លាប់បាត់ទៅ ព្រោះស្ថានភាពរបួស​បោក​ក្បាលចំផ្នែកខាងក្រោយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ខណ្ឌមានជ័យ​ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ចំណែកសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោលស្យវិច័យ និងទាក់ទងរកសាច់ញាតិក្រុមគ្រួសារ ឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់