Post News Media ព័ត៌មានជាតិ យុវជនម្នាក់ ជ...

យុវជនម្នាក់ ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់បើកម៉ូតូមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងយ័ត្ន ត្រូវបានរថយន្តមួយគ្រឿងបើកបរដោយបុរសជនជាតិស្រីលង្កាម្នាក់ រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀត បើកបុកផ្ទប់នឹងក្បាលនាគចែកទ្រូវផ្លូវរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតចំណុចស្តុបផ្សារទួលគោក តាមបណ្តាយផ្កូវ២៨៩ កែងនិងផ្លូវ៦១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-5847 ចេញពីផ្សារទួលគោក តាមបណ្តោយផ្លូវ៦១៥ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-8283 បើកបរដោយបុរសស្រីលង្កាម្នាក់ រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលម៉ូតូនិងជនរងគ្រោះបោកផ្ទប់នឹងក្បាលនាគចែកទ្រូងផ្លូវរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុដោយខាងភាគីរថយន្តសូមសម្របសម្រួលគ្នាដើម្បីចញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Loading...