ព័ត៌មានជាតិ

Update៖ ធ្វើស្លាកលេខអស់៥ពាន់ដុល្លារ ​ស្រាប់​តែប័ណ្ណ​សម្គាល់​យានយន្ត​និង​ស្លាក​លេខ​ក្លែងក្លាយ!!!​

បន្ទាយមានជ័យ: ​យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ​អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​មានការ​សម្របសម្រួល​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ រស់​ រៀម​ នាយការិយាល័យ​ស្តីទី​ បាន​ឃាត់​រថយន្ត​០១​គ្រឿង​ម៉ាក​ FOD​ RAGER​ ពីរ​បាំង​ ចង្កូត​ស្តាំ​ ពណ៌​ប្រផេះ​ ផលិត​នៅ​ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​យា​ង្មី​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ។​

​ ​លោក​វរសេនីយ៍ទោ​ រស់​ រៀម​ នាយការិយាល័យ​ ស្តីទី​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ចង្កូត​ស្តាំ​ ដែល​ឃាត់​នេះ​ សង្ស័យ​អ្នកទិញ​យក​មក​ប្រើប្រាស់​គ្មាន​ពន្ធ​នាំ​ចូល​ និង​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​។

​ បើ​តាម​ការ​សាកសួរ​ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ នាង​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ នៅ​ភូមិ​បឹង​ស្នោរ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ ប្រហែល​មួ​យស​ប្តា​ហ៍​មុន​ ខ្លួន​បាន​ដូរ​ដី​ជាមួយ​ឈ្មោះ​ស៊ុន​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ នៅ​ ភូមិ​យាង​ថ្មី​ ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ដោយ​ខ្លួន​បាន​ប្រគល់​ដី​ឲ្យ​ឈ្មោះ​ស៊ុន​ សា​រឿ​ន​ ចំនួន​៣​ហិ​កតា​ នៅ​ភូមិ​ក្តិ​ប​ថ្ម​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ជា​ថ្នូរ​និង​រថយន្ត​ FOD​ RAGER​ នេះ​ តម្លៃ​២​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​។​

ចំណែក​ចម្លើយ​ឈ្មោះ​ ស៊ុន​ សា​រឿ​ន​ បាន​និយាយ​ថា​ រយ:ពេល​ប្រហែលជា​បី​ខែ​មុន​ ខ្លួន​បា​ដូរ​ដី​ជាមួយ​និង​រថយន្ត​ FOD​ RAGER​ នេះ​ ជាមួយ​ឈ្មោះ​ ជា​ សុខុម​ ភេទ​ប្រុស​ មុខរបរ​ជា​យោធា​ នៅ​ឯ​ស្មាច់​ ខេត្តឧត្តរមានជ័យ​ ដោយ​ប្រគល់​ដី​ចំនួន​១​ហិ​កតា​កន្លះ​ នៅ​ភូមិ​បឹង​ស្នោរ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ជា​ថ្នូរ​និ​រង​រថយន្ត​ FOD​ RAGER​ នេះ​។​ ក្រោយ​ពី​ដូរ​បាន​ខ្លួន​បាន​ពឹងពាក់​ប្អូនធម៌​នៅ​ភ្នំពេញ​ ធ្វើ​ស្លាក​លេខ​និង​ប័ណ្ណ​សម្គាល់​រថយន្ត​ ក្នុង​តម្លៃ​៥​ពាន់​ដុល្លា​រ​ឲ្យ​ប្អូនធម៌​គាត់​រក​ពឹង​គេ​ជួយ​ធ្វើ​ឲ្យ​ ពេល​យក​ស្រាប់​ប័ណ្ណ​សម្គាល់​យានយន្ត​និង​ស្លាក​លេខ​ក្លែងក្លាយ​ គាត់​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​អ្នក​ធ្វើ​តែ​ទូរស័ព្ទ​មិន​ចូល​ ក្រោយមក​លឺ​ថា​ អ្នក​ធ្វើ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ពី​បទ​ធ្វើ​ប័ណ្ណ​យានយន្ត​និង​ស្លាក​លេខក្លែងក្លាយ​។​

​នាយការិយាល័យ​ស្តីទី​ ក៏​បាន​បញ្ជាក់​ថា​ ដោយ​ផ្អែក​លើ​ឯកសារ​ពាក់ព័ន្ធ​ដែល​ដកហូត​បាន​ និង​ចម្លើយ​សារភាព​របស់​ឈ្មោះ​ នាង​ សា​រឿ​ន​និង​ឈ្មោះ​ស៊ុន​ សា​រឿ​ន​ ជន​ទាំង​២​នាក់​នេះ​ គឺ​ពិតជា​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ​ប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ជន​ទាំង​២​នាក់​ រួម​និង​រថយន្ត​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់វិធានការ​ច្បាប់​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ផង​ដែរ​ ៕

មតិយោបល់