ព័ត៌មានជាតិ

រថយន្តលុចស៊ីស៥៧០ បើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុកបណ្តាលយុវជនម្នាក់ រងរបួស

ភ្នំពេញ: បុរសម្នាក់បើករថយន្តលុចស៊ីសស៊េរីទំនើប៥៧០ បត់ត្រឡប់ក្រោយមិនស៊ីញ៉ូ ត្រូវបានម៉ូតូមួយគ្រឿង ជិះដោយយុវជនម្នាក់មកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំផ្នែករថយន្តខាងក្រោយ បណ្តាលឲ្យដួលរងរបួសបែកមាត់តិចតួច។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតចំណុចមុខខារ៉ាអូខេកូឡូសូ តាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសLX570 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកចំណុចខាងលើ បានបត់ត្រឡប់ក្រោយ ដោយមិនកាច់ភ្លើងស៊ីញ៉ូ ខណ:នោះក៏មានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកអ៊ាផេលេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DD-3478 មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុករថយន្តចំផ្នែកខាងក្រោយ បណ្តាលបែកកញ្ចក់ ចំណែកខាងម្ចាស់ម៉ូតូរងរបួសបែកមាត់ និងម៉ូតូរងការខូចខាតចំហៀងខាងស្តាំ និងកាបាំងខាងមុខ។

ក្រោយកើតហេតុភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយស្ងាត់ៗមិនឲ្យក្រុមអ្នកសារព័ត៌មានដឹងនោះទេ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចនាំគ្នាឡើងបើករថយន្ត និងម៉ូតូប្រញាប់ប្រញ៉ាចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

មតិយោបល់