Post News Media ព័ត៌មានជាតិ យុវតី​ម្នាក់ ...

យុវតី​ម្នាក់ និយាយទូរស័ព្ទ ខណ:កំពុងជិះម៉ូតូ ត្រូវចោរ២នាក់ ឆក់ទូរស័ព្ទ​បានសម្រេច​ រួចជិះរត់ទៅបុកគូទរថយន្ត​ ឃាត់ខ្លួនបានម្នាក់ នៅខណ្ឌ៧មករា

ភ្នំពេញ: ជនសង្ស័យ២នាក់​ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ទៅធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone 6Plus ពីយុវតីម្នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទតាមផ្លូវ បានសម្រេច តែពេលជិះម៉ូតូគេចខ្លួន ក៏ជ្រុលទៅបុកប៉ះរថយន្តមួយគ្រឿង​ ហើយព្យាយាមជិះរត់បន្តទៀត លុះមកដល់ជិត​សាលាដំបូងរាជធានីភ្នំពេញ​ ស្រាប់តែម៉ូតូរលត់ ជិះទៅមុខលែងរួច ទើបត្រូវបានប្រជាពលរដ្ឋ​នាំគ្នាជួយចាប់ឃាត់ខ្លួនបានម្នាក់ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកវាយខ្នោះយក ទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង។

ហេតុការណ៍នេះ បានកើតហេតុ​នៅម៉ោង១០ និង១០នាទីយប់ ថ្ងៃសៅរ៍​​ទី០១ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្លូវ​២១៥ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់​វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។

ជនសង្ស័យ​ឈ្មោះ ថន​ ដារ៉ា​គង់​ អាយុ​២៧ឆ្នាំ មុខរបរដើរលក់ខោអាវតាមផ្សារ មានទីលំនៅម្ដុំបឹងកេងកងទី៣ ខណ្ឌចំការមន​ (ជាអ្នកបើកម៉ូតូ) និងបក្ខពួក​ម្នាក់ទៀត (ជិះពីក្រោយនិងជាអ្នកធ្វើសកម្មភាព)​ ឈ្មោះ រិទ្ធ អាយុប្រហែល២៥ឆ្នាំ បានរត់គេចខ្លួនបាត់។

យុវតី​រងគ្រោះអាយុ​២០ឆ្នាំ មុខរបរធ្វើការ​ភោជនីយដ្ឋានមួយ នៅក្នុងខណ្ឌ៧មករា ស្នាក់នៅក្នុងខណ្ឌសែនសុខ​។ ចំពោះទូរស័ព្ទ Iphone 6Plus ដែលត្រូវបានជនសង្ស័យឆក់យកពីជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ។

តាមសម្ដីយុវតីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានបើកម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៨ តែម្នាក់ឯង ចេញពីធ្វើការបំណងទៅផ្ទះ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងមកត្បូង​ ដោយខណ:នោះនាង កំពុងនិយាយទូរស័ព្ទ លុះមកដល់ចំណុចស្តុបផ្សារដេប៉ូ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េ​ Plus មួយគ្រឿង (ស៊េរីចាស់​) ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ​ 1AM-7834 មកអែបពីក្រោយក្បែរនាង ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាង បានសម្រេច​ ភ្លាមនោះជនសង្ស័យ បានព្យាយាមបកត្រលប់ក្រោយដើម្បីជិះគេចខ្លួន ទើបនាងស្រែក «ចោរៗ»​ ឆោឡោ​ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នា ជួយដេញតាមផងដែរ។

នារីរងគ្រោះ​បន្ថែមទៀតថា ភ្លាមនោះនាង ក៏បានជិះមកតាមជាមួយ​ប្រជាពលរដ្ឋ​ដែលជាអ្នកជិះដេញតាមនោះដែរ ហើយឃើញជនសង្ស័យ ដែលបានជិះម៉ូតូគេចខ្លួន ទៅបុកប៉ះរថយន្តមួយគ្រឿង​ ហើយព្យាយាមជិះរត់បន្តទៀត ដោយបោះទូរស័ព្ទចូលក្រោមរថយន្ត ដែលចតអែបចិញ្ចើមផ្លូវ លុះមកដល់ជិត​សាលាដំបូងរាជធានីភ្នំពេញ​ ស្រាប់តែម៉ូតូជនសង្ស័យរលត់ ជិះទៅមុខលែងរួច ទើបត្រូវបានប្រជាពលរដ្ឋ​នាំគ្នាតាមមកទាន់ជួយចាប់ឃាត់ខ្លួនបានម្នាក់ ដែលជាអ្នកបើកម៉ូតូ ចំណែកអ្នកជិះពីក្រោយ ដែលជាអ្នកធ្វើសកម្មភាព បានរត់គេចខ្លួនបាត់ស្រមោល​។

ជនសង្ស័យ ត្រូវបាននាំខ្លួនមកទីស្នាក់ប៉ុស្តិ៍នគរបាល​វាលវង់​ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំណំរឿង​ ចាត់ការ​ទៅតាមផ្លូវច្បាប់៕

Loading...