Post News Media ព័ត៌មានជាតិ មិនគួរគ្រាន់ត...

មិនគួរគ្រាន់តែរឿងកន្លែងចតរថយន្តសោះ ដកកាំភ្លើងគំរាមនិងបាញ់២ដងតែមិនផ្ទុះ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: រឿងដែលមិនស្មានដល់ គ្រាន់តែរឿងកន្លែងចតរថយន្តបុរស២នាក់ ជជែកគ្នាតឹងសរសៃក រហូតឈានដល់ប្រើហិង្សា ដាក់គ្នាទៅវិញទៅមក ត្រូវបានសមត្ថកិច្ចចុះទៅនាំខ្លួន យកមកសាកសួរ ក្នុងនោះក៏មានទាំងអ្នករត់រឺម៉កកង់បីម្នាក់ទៀតផង។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោង២០ និង៣៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនត្រូវឃាត់ខ្លួនទី១ ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ យោធា ស្នាក់នៅភូមិព្រៃទា ៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-4485 (បានដកហូតកាំភ្លើងខ្លី ម៉ាករ៉ូឡូមួយដើម) ។ ទី២ ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា ៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ ឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវ ជាអ្នកបើកបរ រថយន្តសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2U-3390 រងរបួសពេញមុខ និងបែកក្បាលទៅពេទ្យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ2U-3390 ដឹកជនជាតិចិនមានស្រីមានប្រុសជាង១០នាក់ មកចូលហាង ក្បែរកន្លែងកើតហេតុ ហើយពេលភ្ញៀវចុះអស់ហើយ បាន បើករថយន្តមកចតម្ខាងផ្លូវ ពេលនោះមានបុរសម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-4485 មកដែរបានប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុង ឲ្យថយក្រោយបន្តិចពីព្រោះកន្លែងដែលចតនេះ ជាចំណតគាត់យូរឆ្នាំហើយ ខណ:នោះក៏មានការប៉ះទង្គិចសម្ដីគ្នា រហូតឈានដល់ប្រើហិង្សាផង ដោយអ្នករត់កង់បីម្នាក់ ដែលស្គាល់បុរសបើករថយន្តហាយឡែនឌ័រ ឃើញវាយគ្នាចឹង ក៏បានចូលទៅព្រួតជួយវាយ បណ្តាលឲ្យអ្នកបើករថយន្តសាំយ៉ុងរបួសពេញមុខ និងបែកក្បាលយ៉ាងដំណំ។

ប្រភពព័ត៌មនបានបន្តទៀតថា ក្រោយហិង្សាកើតឡើង សមត្ថកិច្ចមូលដ្ឋានបានទៅអត្តរាគមន៍ និងបាននាំខ្លួនបុរស៣នាក់ខាងលើ មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ។

ដោយបុរសអ្នកបើករថយន្តសាំយ៉ុង មានសភាពមិនសូវស្រួល ក្រុមគ្រួសារបានសុំយកទៅពេទ្យ ដើម្បីព្យាបាលសិន ស្រាប់តែភាគីម្ខាងទៀត មិនសុខចិត្តបានដកកាំភ្លើងខ្លីម៉ាករ៉ូឡូ ចេញពីក្នុងហោប៉ៅខោ មកគំរាមអ្នករបួស និងសមត្ថកិច្ច ព្រមទាំងកេះកៃ បាញ់គំរាម២ដង តែកាំភ្លើងមិនផ្ទុះ ពេលនោះសមត្ថកិច្ច ក៏ល្បួងនិងដកហូតកាំភ្លើងបុរសខាងលើ បានយកមករក្សាទុក។

ពាក់ព័ន្ធហិង្សាចុងក្រោយដកកាំភ្លើង គំរាមនិងបាញ់២ដង មិនផ្ទុះខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរស២នាក់ យកមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង៕

Loading...