Post News Media ព័ត៌មានជាតិ Update៖ បុរសម...

Update៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយត្រូវរថយន្តបែនដឹកដី កៀរដៃចង្កូតដួល និងកិន

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយសារតែរថយន្តបែនដឹកដី១គ្រឿង បើកជែងក្នុងទិសដៅស្របគ្នា ហើយកៀរដៃចង្កូតម៉ូតូជនរងគ្រោះ ខណ:ម៉ូតូកំពុងបើកជែងរថយន្តសាំយ៉ុង១គ្រឿងនៅខាងមុខ បណ្ដាលឲ្យដួលខ្ទាតចូលទៅក្រោមកង់ក្រោយរថយន្តធុនយក្សនោះកិន និងអូសជាង៣០ម៉ែត្រ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលា ម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ អ៊ួង សុភា អាយុ២៧ ឆ្នាំ មានទីលំនៅក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-0701 ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ3D-1271 អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពពីប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយរថយន្តសាំយ៉ុង១គ្រឿង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានជែងរថយន្តសាំយ៉ុងខាងលើ ខណ:
នោះក៏មានរថយន្តបែនដឹកដី បើកស្របគ្នា បានមកដល់ បន្ថែមល្បឿនជែងម៉ូតូជនរងគ្រោះ និងរថយន្តសាំយ៉ុង។ ប៉ុន្តែជែងមិនផុត ក៏ទាក់ដៃចង្កូតម៉ូតូ បណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់ក្រោយរថយន្ត កិននិងអូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត និងព្រូបានចុះរត់គេចខ្លួនបាត់ នៅសល់តែសាកសព ស្ថិតនៅពីក្រោមកង់រថយន្ត និងម៉ូតូស្កូបពីរបស់ជនរងគ្រោះ ដួលនៅក្បែរនោះប៉ុណ្ណោះ។

បន្ទាប់មកកម្លាំនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំការដោះស្រាយតាមច្បាប់ពេលក្រោយ៕

Loading...