ព័ត៌មានជាតិ

ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ PNT​​ម្នាក់​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត!

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុគ្គលិក​ក្រុមហ៊ុន​ PNT​ ប្រើ​ល្បិច​យក​លុយ​ក្រុមហ៊ុន​ចំនួន​៦៣១៧​ដុល្លារ​ទៅ​ចាយ​អស់​ មិន​ព្រមយក​លុយ​មក​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វិញ​ ត្រូវ​តំណាង​ក្រុមហ៊ុន​ចាប់​ប្រគល់​អោ​សមត្ថកិច្ច​ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។​ ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​០០​នាទី​នៅ​ចំណុច​ក្រុមហ៊ុន​ PNT​ ផ្លូវ​១៩៧៤​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ចម្រើន​ ច​ន្ទ័​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ PNT​ ស្នាក់​នៅផ្ទះ​លេខ​១០៨៧​ ផ្លូវ​០១​ ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ភ្នំពេញ​ថ្មី​(​គ្មាន​សារធាតុ​ញៀន​)​ ។​
​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ គង់​ គ​ន្ធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ PNT​ ស្នាក់​នៅផ្ទះ​លេខ​៥៩DE0​ ផ្លូវ​១៤៦​ សង្កាត់​ផ្សា​ដេប៉ូ​២​ ខណ្ឌទួលគោក​ ភ្នំពេញ​ថ្មី​ (​តំណាង​ក្រុមហ៊ុន​)​។​
​សម្ភារ:​បាត់បង់​ ៖​ លុយ​ដុល្លារ​ចំនួន​ ៦៣១៧​ដុល្លារ​ សម្ភារ:​បន្សល់​ទុក​ ៖​ វិ​ក័យ​ប័ត្រ​ទូទាត់​មួយ​ចំនួន​ ។​

​ប្រភព​ពី​តំណាង​ក្រុមហ៊ុន​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ជនសង្ស័យ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ខាងលើ​ មានមុខ​ងារ​ជា​តំណាង​ក្រុមហ៊ុន​ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​ជនសង្ស័យ​យក​បញ្ជី​ផ្ទៀងផ្ទាត់​ ទើប​ដឹង​ថា​ជនសង្ស័យ​ខាងលើ​បាន​យក​លុយ​ពី​អតិថិជន​ ចំនួន​៨៥៧.៤២​ដុល្លារ​ មិន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ រួច​ជនសង្ស័យ​បាន​សុំ​ក្រុមហ៊ុន​ឲ្យ​ខ្លួន​ធ្វើការ​បន្ត​ និង​សុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់ខែ​របស់​ខ្លួន​ក្នុង​០១​ខែ​ចំនួន​១០០​ដុល្លារ​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​ ខាង​ក្រុមហ៊ុន​មានការ​សង្ស័យ​ជា​លើក​ទី​២​ បាន​ធ្វើការ​ឆែកឆេរ​បញ្ជី​ហើយ​រក​ឃើញ​ជនសង្ស័យ​បាន​យក​លុយ​ចំនួន​៥៥៥៩,៦៧​ដុល្លារ​ ពី​អតិថិជន​មិន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ទៀត​ លុះដល់​ម៉ោង​១៨​និង​០០​នាទី​ ថ្ងៃ​ទី​០១-១២-២០១៨​ ទើប​ជន​រង​គ្រោះ​(​តំណាង​ក្រុមហ៊ុន​)​នាំ​ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ធ្វើការ​សាកសួរ​ និង​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែ​ម្តង​ ។​

​លោក​ យឹ​ម​ ដា​វុ​ធ​ នាយ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បាន​សារព័ត៌មាន​នគរបាល​ជាតិ​តាម​រយ:​ទូរស័ព្ទ​ថា​ ទឹកប្រាក់​ដែល​ជនសង្ស័យ​បាន​យក​ពី​អតិថិជន​នោះ​គឺ​មាន​តាម​ដំណាក់កាលៗ​ដូច្នេះ​ ហើយ​ទឹកប្រាក់​ដែល​ជនសង្ស័យ​ជុំពាក់​ក្រុមហ៊ុន​នោះ​សរុប​ចំនួន​តែ​៦៣១៧​ដុល្លារ​ទេ​ នេះ​បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

មតិយោបល់