ព័ត៌មានជាតិ

យុវជន៣នាក់ស្រវឹងស្រាធ្លាក់ភ្នែក ជិះម៉ូតូទៅបុករថយន្តគៀបជាប់របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: យុវជន៣នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តកំពុងបើកឆ្លងផ្លូវចំចន្លោះកង់ខាងក្រោយខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ម៉ូតូគៀបជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនឹងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១១០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ រ2160 ភព1 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតលិច ក្នុងស្ថានភាពលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង​ម៉ាកហាយលែនឌ័រ ពណ៌កណ្តុរប្រមេះ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ទិសដៅពីជើងទៅត្បូង ចំចន្លោះកង់ខាងក្រោយខាងឆ្វេងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែក២នាក់ទៀតរងរបួសស្រាល។ រីឯម៉ូតូគៀបជាប់ជាមួយរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តមិនបានទារសំណងនោះទេបានឲ្យភាគីខាងម៉ូតូយកម៉ូតូទៅផ្ទះនិងជួលជុលដោយខ្លួនឯង៕

មតិយោបល់