ព័ត៌មានជាតិ

ជាប់គុកម្តងមិនរៀង! លួចទូរសព្ទរបស់មន្ត្រីរាជការ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនចូលគុកម្តងទៀត!

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីលួចទូរសព្ទដៃរបស់មន្ត្រីរាជការ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ុល វាសនា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ ។ ចំណែកជនសង្ស័យមានឈ្មោះ សាំង សម្រេច ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិរទាំងឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ សម្ភារ:បាត់បង់រួមមាន៖ ទូរសព្ទម៉ាក oppo S3ចំនួន០២គ្រឿង (ពណ៌ទឹកប៊ិច១គ្រឿង ពណ៌ក្រហម១គ្រឿង) ។

វត្ថុតាងចាប់យករួមមាន ៖ទូរសព្ទម៉ាក oppo S3ចំនួន០២គ្រឿង។

មុនពេលកើតហេតុ ខណ:ពេលជនរងគ្រោះបានដេកនៅលើសាឡុងខាងក្រៅផ្ទះរបស់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទជនរងគ្រោះ។ ក្រោយមកជនរងគ្រោះបានឃើញជនសង្ស័យរត់ចេញពីក្នុងបន្ទប់ក្នុងផ្ទះរបស់ខ្លួន ក៏បានរត់ដេញតាមចាប់ជនសង្ស័យប៉ុន្តែដេញមិនទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានមកប្តឹងនគរបាលប៉ុស្តិ៍ភូមិធំឲ្យជួយអន្តរាគមន៍ ក្រោយទទួលបានពាក្យនគរបាលប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរពីដំណើររឿងនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តបន្តចាត់ការតាមនិតិវិធីច្បាប់តែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សាំង សម្រេច ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ពីបទលួច(គាស់ផ្ទះ) ប្រព្រឹត្តនៅភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២២ខែធ្នូធ្នាំ២០១៦ ជាប់រយ:ពេល ០៧ ខែ៕

មតិយោបល់