ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! ករណីពលរដ្ឋពុលនំសាំងវិច​​ សមត្ថកិច្ចរកឃើញនំបុ័ងចំណិត និងប្រហិតក្តាមមានបាក់តេរី​Staphylococcus aureus!

បន្ទាយមានជ័យ: យោងតាមផេកសាខាកាំកុងត្រូល បានឲ្យដឹងថា ​ក្រោយពីប្រជាពលរដ្ឋមួយគ្រួសារនៅក្រុងប៉ោយប៉ែត ជួបករណីពុលនំសាំងវិចដោយមិនដឹងមូលហេតុ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានទទួលយកគំរូវិភាគពីប្រជាពលរដ្ឋ ជានំបុ័ងចំណិត ម៉ាយូណេស២ប្រភេទ ប្រហិតក្តាមដែលសាមីខ្លួនបានយកទៅធ្វើសាំងវិច រួចហើយហូបទៅពុល ក្អួត ចង្អោរ និងឈានដល់ការនាំទៅមន្ទីរពេទ្យរួមមានប្រពន្ធ និងកូនរបស់គាត់។

គំរូវិភាគទាំងនោះត្រូវបានបញ្ជូនយកទៅវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។

បន្ទាប់ពីបានលទ្ធផលសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានអញ្ជើញសាមីខ្លួនមកប្រាប់ពីលទ្ធផលដែលរកឃើញ គឺនៅក្នុងនំបុ័ងចំណិត និងប្រហិតក្តាមមានបាក់តេរី Staphylococcus aureus ក្នុងបរិមាណច្រើនដែលជាហេតុធ្វើឲ្យពួកគាត់ពុលបែបនេះ។ មន្ត្រីជំនាញផ្នែកពិសោធន៍បានពន្យល់ណែនាំសាមីខ្លួន សូមប្រុងប្រយ័ត្នខ្ពស់ទៅលើអនាម័យរាល់ពេលធ្វើម្ហូបអាហារ ព្រោះបាក់តេរីងាយឆ្លងចូលក្នុងចំណីអាហារបំផុត នៅពេលយើងមិនយកចិត្តទុកដាក់លើអនាម័យនេះ។

ឆ្លៀតក្នុងឱកាសនេះសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសូមលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋទូទៅប្រសិនបើជួបករណីសង្ស័យសារធាតុគីមី ឬពុលអាហារណាមួយអាចយកគំរូវិភាគមកពិនិត្យតាមសាខាកាំកុងត្រូលនៃបណ្តាខេត្តនីមួយៗ ឬនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕

មតិយោបល់