Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តដឹកដីបុកកៀររថយន្តក្រុងរបស់សាលាក្រុងខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកដីពេញមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបុកកៀររថយន្តក្រុងរបស់សាលាក្រុងស៊ីញ៉ូបទឆ្លងផ្លូវចូលបេនជ្រុលទៅមុខបុកកៀរចិញ្ចើមថ្មសួនច្បារនិងបង្កាន់ដៃដែកបាក់អស់មួយផ្ទាំងតែសំណាងល្អមិនបង្កគ្រោះថ្នាក់មនុស្សណាម្នាក់នោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខសួនច្បារប្រជាធិបតេយ្យ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដឹកដីបង្កម៉ាកហ្វុយហ្សូ ពណ៌ស អត់ស្លាកលេខ អ្នកបើកបរឈ្មោះ ហោ ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ រថយន្តក្រុងរងគ្រោះ ពណ៌ខៀវ ពាក់ស្លាកលេខ រដ្ឋ៣៧-៣-០២៣២ រងការខូចខាតបែកកញ្ចក់មួយផ្ទាំងចំហៀងខាងឆ្វេង អ្នកបើកបរឈ្មោះ កែវ មុន្នីងា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តទាំង២គ្រឿងខាងលើតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងរថយន្តក្រុងរបស់សាលាក្រុងបានស៊ីញ៉ូចម្ងាយប្រហែល២០ម៉ែត្រ ទៅ៣០ម៉ែត្រ ដើម្បីបត់ចូលបេន ខណ:នោះរថយន្តដឹកដីបានបើកវ៉ាស្តាំមិនប្រយត័្នស្របពេលនោះក៏បុកកៀររថយន្តក្រុងកំពុងបទចូលបេនហើយជ្រុលទៅមុខបុកគៀរចិញ្ចើមផ្លូវសួនច្បារច្រកចូលបេនកៀបជាប់បាក់បង្កាន់ដៃដែកសួនច្បារទៅមុខលែងរួចតែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនឹងទាក់ទងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចរាល់ហើយយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនានៅពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

Loading...