ព័ត៌មានជាតិ

បបួលគ្នាផឹកស៊ីនៅក្លឹបកំសាន្តហ្គោលថោន ទាស់ពាក្យសម្តីគ្នាវាយទៅវាយមក ស្លាប់ម្នាក់ ត្រូវអាវុធហត្ថឃាត់ខ្លួនបានម្នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយសារមរណ:ភាពនៃជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចក្លឹបកម្សាន្តហ្គោលថោន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងក្រុងសិរីសោភ័ណ ។

យោងពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាបងជីដូនរបស់ជនរងគ្រោះ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសម្នាក់ឈ្មោះ ស៊ុយ ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

តាមការបំភ្លឺរបស់សាក្សី បានឲ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ និងបក្ខពួកចំនួន២នាក់ បានចូលទៅលេងកម្សាន្តក្នុងក្លឹបកម្សាន្តហ្គោលថោន ហើយក៏មានរឿងជាមួយក្រុមផឹកស៊ីក្នុងក្លឹបមានគ្នាប្រមាណ១០នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ លាង ឡេង ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុភ្លាមៗ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ យកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខ្លួន និងបក្ខពួក បាននាំគ្នាទៅផឹកស៊ីនៅក្លឹបកម្សាន្តហ្គោលថោន លុះដល់ម៉ោងប្រហែល២យប់ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ក្រុមខ្លួនក៏ផឹកស្រវឹងជោក ហើយមានរឿងវាយតប់គ្នាជាមួយក្រុមផ្សេងទៀត មានគ្នាប្រហែល ០៣នាក់ ពេលនោះខ្លួនបានឃើញឈ្មោះ ហេង រតនា ឈរពីក្រោយជនរងគ្រោះ ហើយមានកាន់វត្ថុចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួល និងហូរឈាមយ៉ាងខ្លាំងនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច បក្ខពួករបស់ខ្លួនបានរត់គេចខ្លួនអស់ នៅសល់តែខ្លួនម្នាក់ឯង(ជនសង្ស័យ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង ។
ចំណែកជនសង្ស័យផ្សេងទៀត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺសាក្សី និងបងជីដូនមួយរបស់ជនរងគ្រោះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ដោយសារមរណ:ភាពនៃជនរងគ្រោះ) បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់