ព័ត៌មានជាតិ

ខឹងរៀបការជាមួយសង្សារខ្លួន គំរាមយកគ្រាប់បែកទៅគប់សម្លាប់មួយគ្រួសារ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

ជនសង្ស័យឈ្មោះ ឃន់ ពាង ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតាសល់ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើទ្បើងដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ស ឆៃលាង ភេទ ប្រុស អាយុ ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យ បានដល់ផ្ទះរបស់ខ្លួន ហើយវាយមកលើខ្លួនជាច្រើនដៃ បណ្តាលឲ្យរងរបួសផ្នែកក្បាល និងផ្ទៃមុខ រួចគំរាមថា នឹងយកគ្រាប់បែកមកគប់សម្លាប់មួយផ្ទះទៀតផង ដោយមិនដឹងមូលហេតុ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើហិង្សា ទៅលើជនរងគ្រោះប្រាកដមែន ដោយសារខឹងជនរងគ្រោះ រៀបការជាមួយសង្សាររបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូន ទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់