ព័ត៌មានជាតិ

មន្រ្តី​កាំកុងត្រូល​ រកឃើញត្រីបបែលងៀត មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ​នៅផ្សារជម្ពូវ័ន! ​

​ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលចុងទីភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណ:កម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ដំណាប់ល្ហុង ចាហួយខ្មៅ វត្ថុធាតុដើមធ្វើតែគុជ (Hong Lee Food) សៀងផ្អែម សៀងប្រៃ ឈាមជ្រូក សណ្តែកបណ្តុះ សាច់គោងៀត ត្រីបបែលងៀត គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញភាពមិនប្រក្រតីលើគំរូ ត្រីបបែលងៀត មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ប្រមាណ ២.៨០ គីឡូក្រាម នៅផ្សារជម្ពូវ័ន ហើយមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនេះដែរមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់