ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់​គាំងបេះដូងដួលស្លាប់ នៅអគារ​កំពុង​សាងសង់​វិទ្យាស្ថាន​វិជ្ជា​សាស្ដ្រ​អគ្គិសនី​របស់​អគ្គិសនី​ជាតិ​កម្ពុជា​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលា​ម៉ោង​៧​និង​៣០​នាទីព្រឹក ថ្ងៃ​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​អគារ​កំពុង​សាងសង់​វិទ្យាស្ថាន វិជ្ជា​សាស្ដ្រ​អគ្គិសនី​របស់​អគ្គិសនី​ជាតិ​កម្ពុជា ផ្លូវ​២១៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នា​ក់កើត​ជំងឺ​គាំងបេះដូង​បណ្តាល​ឲ្យ​ស្លាប់ ខណ:​ដែលកំពុង​អង្គុយ​លើ​បង់​។​

​ជនរងគ្រោះ​ឈ្មោះ ឃិត ឡា​ច ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ថ្មដុស ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​រកា​ដុស ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ ស្លាកស្នាម​ជនរងគ្រោះ មាន​ស្នាម​កោស​រលាត់​នៅលើ​សៀត​ថ្កា​ខាងស្ដាំ និង​ស្នាម​ក្រោយ​ស្លឹកត្រចៀក​ខាងស្ដាំ ។​

ប្រ​ភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បំពេញការងារ​ធម្មតា ជាជាង​ថ្មដុស ជាមួយ​ប្រពន្ធ ហើយ​គាត់​អង្គុយ​លើ​បង់​ស្រាប់តែ​ដួល​ផ្កាប់មុខ​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

​តាម​ការអះអាង​របស់​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ អ៊ឹង អាត អាយុ​៥០​ឆ្នាំ មុខរបរ​កម្មករសំណង់ បាន​ឲ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ​មាន​ជំងឺ​ឈាមស ស៊ី​ឈាមក្រហម និង​លើសឈាម​ប្រចាំកាយ ហើយ​កាលពី​យប់​ត្អូញ​ប្រាប់​ប្រពន្ធ​ថា​ចុក​ស្មា និង​ដៃ ។​

សន្និដ្ឋាន​វាយតម្លៃ​របស់​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំង​បេះដូង។​

​បច្ចុប្បន្ន ក្រុមគ្រួសារ​បានទទួល​សព​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕

មតិយោបល់