ព័ត៌មានជាតិ

ចាប់បានចោរម្នាក់ក្នុងចំណោម៣នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូប នៅស្រុកត្រាំកក់!

​តាកែវ: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ការបូប)​។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី ០៤ ខែធ្មូ ឆ្នាំ២០១៨ វេលាម៉ោង៣និង​១០នាទីរសៀល នៅលើកំណាត់ផ្លូវខេត្តលេខ ២២ នៅចំណុចនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានជនសង្ស័យចំនួន​៣នាក់ មិនស្គាល់អត្តសញ្ញាណ (ប្រុស​២​នាក់ ស្រីម្នាក់​) ជិះម៉ូតូម៉ាកហុងដា C​125 ពណ៌ខ្មៅ ​២គ្រឿង មិនច្បាស់ស៊េរី និងស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ ឃឹម ហឿន ភេទស្រី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណ:ដែលកំពុងជិះម៉ូតូ ដែលមានស្ពាយកាបូប។

ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង៣នាក់ បាននាំគ្នាជិះម៉ូតូបត់ចូលតាមផ្លូវលំវត្តខ្នារ ចូលព្រៃលើបាត់ទៅ ។
ក្រោយពីធ្វើទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានធ្វើការសាកសួរបំភ្លឺពីជនរងគ្រោះ និងពង្រាយកម្លាំងដេញតាមដងផ្លូវ ធ្វើការស្រាវជ្រាវសាកសួរព័ត៌មានពីប្រជាពលរដ្ឋតាមផ្លូវដែលជនសង្ស័យជិះម៉ូតូឆ្លងកាត់ទើបទទួលបានតម្រុយថា ជនសង្ស័យដែលធ្វើសកម្មភាពនោះ គេស្គាល់ម្នាក់ឈ្មោះ លី ឡាងវ៉ើយ ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ។

ទទួលបានព័ត៌មានពីអត្តសញ្ញាណជនសង្ស័យខាងលើ ដោយបានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានដាក់កម្លាំងឃ្លាំមើលនៅមូលដ្ឋានដែលជនសង្ស័យស្នាក់នៅ លុះនៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ លី ឡាងវ៉ើយ នៅនឹងផ្ទះរបស់ខ្លួនតែម្តង។ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៥​មួយគ្រឿង ពាក់ស្លាកលេខ តាកែវ​1​l​-8441​។

ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី ឡាងវ៉ើយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះត្រង់ចំណុចកើតហេតុខាងលើពិតប្រាកដមែន ជាមួយនិងបក្ខពួករបស់ខ្លួន២នាក់ទៀត មានទី១​ឈ្មោះ ណេង ភេទស្រី ផ្ទះនៅម្ដុំវត្តពោធិ៍ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងរត់គេចខ្លួន និងទី២ឈ្មោះ ពៅ ធា ភេទ​ប្រុស អាយុ​៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំ ស្រែរនោង ស្រុក ត្រាំកក់ កំពុងរត់គេចខ្លួន ។
ចំពោះសម្ភារដែលឆក់បានរួមមាន កាបូបស្ពាយ ពណ៌ខ្មៅចំនួន​១ ក្នុងកាបូបមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណបណ្ណ័១សន្លឹក លុយខ្មែរ​១៧៥.០០០៛ លុយដុល្លារ៣៥ដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី និងស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់