Post News Media ព័ត៌មានជាតិ ចេញពីហូបការគេ...

ចេញពីហូបការគេ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់ ក្រឡាប់ផ្ងារជើងម្ខាង

ភ្នំពេញ: បុរសម្នាក់ចេញពីហូបការមិត្តភក្តិ ស្រវឹងស្រា បើករថយន្តហាយឡែនឌ័រ មួយគ្រឿង ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យបាក់អស់១កង់ រថយន្តបង្កផ្ងារជើងម្ខាង ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្កូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

តាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4535 ទើបនឹងចេញពីហូបការមិត្តភក្តិមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់១កង់។ ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយលើករថយន្តក្រឡាប់ផ្ងារមកវិញ និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយហេតុការណ៍នេះកើតឡើង ម្ចាស់រថយន្តបង្កត្រូវបានមិត្តភក្តិបើករថយន្តមួយគ្រឿងយកចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...