ព័ត៌មានជាតិ

បុរស​ម្នាក់​ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ:​ រថយន្ត TUNDRA មួយគ្រឿង បើកបោះពួយយ៉ាង ដោយបំពានភ្លើង​សញ្ញា​ចរាចរណ៍​ រួចក៏ជ្រុលទៅបុកបុរសជាកម្មករអូរទេះបន្លែម្នាក់​ ដែល​កំពុងដើរឆ្លងផ្លូវ​ចំពេញទំហឹង រួចរថយន្តព្យាយាមបើករត់ តែក៏ត្រូវសមត្ថកិច្ចរកឃើញ។

ហេតុ​ការណ៍​នេះ ​កើតឡើងកាលពីវេលាម៉ោង​៦ និង១០នាទី​យប់​ ថ្ងៃទី​០៦​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខផ្សារ​ដើម​គ​ តាមបណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​កែង​និងផ្លូវលេខ៣៣៦​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក​។

សពបុរស​រងគ្រោះ​​មាន​ឈ្មោះ​ អែម​ រស្មី​ អាយុ​៤៥ឆ្នាំ​ ជា​កម្មករ​ស៉ី​ឈ្នួល​អូសរទេះបន្លៃ​នៅ​ផ្សារ​នាគ​មាស​ ស្នាក់នៅក្នុង​បន្ទាប់​ជួល​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​។ មានស្រុក​កំណើត​នៅស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ ​គេឃើញ​បុរស​រងគ្រោះ​ខាងលើ ​បាន​លី​ស្រា​បៀរ​មួយ​កេះ​ ដោយ​ធ្វើដំណើរ​ថ្មើរជើង​ចេញពី​ផ្សារ​ ហើយបានដើរឆ្លងផ្លូវ​ម៉ៅសេទុង​ ក្នុងទិសដៅពីកើតទៅលិច​។ លុះដើរឆ្លងបាន​ពាក់​កណ្តាល​ផ្លូវ​ ក៏ស្រាប់​តែ​មានរថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOA TUNDRA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AD-7000 ​បើកបរ​ដោយ​បុរស​ម្នាក់​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ ក្នុងទិសដៅពីត្បូងទៅជើង​​បានបើកបំពានភ្លើងសញ្ញា​ចរាចរណ៍ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​បុរស​រងគ្រោះ​ពេញ​ទំហឹង ​និង​កិន​ពីលើ​បុរស​រងគ្រោះ​ បណ្ដាលឲ្យ​រងរបួស​បែក​ក្បាល​ធ្ងន់ធ្ងរ​។ ​ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ក៏​បាន​ព្យាយាម​​បើក​រត់​គេច​ខ្លួន ​ ទៅឈប់ចតនៅក្នុង​ខារ៉ាអូខេ​ «ដាប់ប៊ែលយូ​»​ ដែលនៅតាម​បណ្តោយផ្លូវ​លេខ២៣០ ក្នុងសង្កាត់​ផ្សារ​ដើម​គ​។ បន្ទាប់​មក​ក៏​បានចុះ​ពីលើរថយន្ត​រួច​គេចខ្លួន​ចេញទៅបាត់​ ដោយបន្សល់ទុកតែរថយន្តបង្កនៅក្នុងខារ៉ាអូខែនោះ។

ដោយឡែក​បុរស​រងគ្រោះ​ ​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់​ដឹកយកទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត​ តែ​ជាអរកុលស​ខណ:ដែល​ដឹកទៅដល់បុរសរងគ្រោះ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ហើយ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាន បាន​ចុះទៅដល់កន្លែង​កើត​ហេតុ​ និង​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង ​រួច​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី ​ដើម្បីរង់ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​មកធ្វើការដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​សពបុរស​រងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច ​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​ក្រុម​គ្រួសារ​ដឹកយក ទៅធ្វើបុណ្យតាម​ប្រពៃណី​នៅស្រុក​កំណើត៕

មតិយោបល់